
កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៥ / កសិកម្ម / Author : ATH Sokren
ក្រុមហ៊ុន ខនហ្វីរេលទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ «អ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ និងកំណើនទីផ្សារ» ក្នុងពិធីបិទគម្រោង CAPFISH-Capture ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (UE) និងអនុវត្តដោយអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) នៅកម្ពុជា។ ពានរង្វាន់នេះផ្តល់កិត្តិយសដល់ការខិតខំប្រឹងប្រែងរបស់ខនហ្វីរេលក្នុងការធ្វើទំនើបកម្មផលិតផលនេសាទកម្ពុជា ជាពិសេសប្រហុកម្សៅ ដែលជាការលើកកម្ពស់កំណើនបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងវិស័យនេះ។
ពិធីនេះត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានវត្តមានតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងមកពីទីស្នាក់ការកណ្តាល UNIDO។ ពិធីនេះបានកត់សម្គាល់ពីចំណុចកំពូលរបស់គម្រោង CAPFISH-Capture ដែលបានបន្សល់ទុកនូវមរតកយូរអង្វែងសម្រាប់ការអភិវឌ្ឍវិស័យនេសាទនៅកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិខនហ្វីរេលបានសង្កត់ធ្ងន់លើនវានុវត្តន៍ដែលជាចំណុចស្នូលនៃវិធីសាស្ត្ររបស់លោក។ ជាមួយនឹងជំនួយបច្ចេកទេសពី UNIDO និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខនហ្វីរេលបានផ្លាស់ប្តូរប្រហុក ដែលជាផលិតផលប្រពៃណីខ្មែរតាំងពីសម័យអង្គរ ទៅជាទម្រង់ជាម្សៅ។
លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ យើងបានកែច្នៃប្រហុកប្រពៃណីមកកែច្នៃ និងធ្វើឱ្យវាក្លាយទៅជាផលិតផលទំនើប ដូចជាផលិតផលបរទេសអីចឹង។ ព្រោះប្រហុកខ្មែរតាំងពីកកើតមក គឺមិនដែលមានការផ្លាស់ប្តូររូបរាងម្តងណាឡើយ។ ហើយនេះជាលើកទី១ ហើយ ដែលយើងបានកែច្នៃប្រហុករបស់យើងហ្នឹង ឱ្យទៅជាប្រហុកទំនើប ជាប្រហុកម្សៅលើកដំបូង ងាយស្រួលប្រើប្រាស់ ងាយស្រួលទុកដាក់ ហើយមានរសជាតិឆ្ងាញ់ទទួលយកបានទាំងអស់គ្នាមិនថា ជនជាតិខ្មែរ ឬបរទេសឡើយ» ។
ស្ថាបនិកខនហ្វីរេលរូបនេះក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រហុកម្សៅរបស់ខនហ្វីរេលមានបីរសជាតិ គឺរសជាតិខ្លាំង រសជាតិស្រាល និងរសជាតិមធ្យម។ ចេញពីរសជាតិទាំងបីខាងលើក្រុមហ៊ុនរបស់លោកបានបំលែងឱ្យចេញជាផលិតផលថ្មីៗជាច្រើនផ្សេងទៀតមានដូចជាប្រហុកខ្ទិះ, Riet Prahok, Cavia Prahok, Pizza Prahok និងផលិតផ្សេងៗទៀតជិត ៤០ មុខ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកនឹងចេញផលិតផលថ្មីមួយទៀតគឺ Cheech Parhok។
លោកឱសថបណ្ឌិត ហៃ លីអ៊ាង ក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាមរតកធ្វើម្ហូបខ្មែរ ខណៈដែលកែសម្រួលវាឱ្យសមស្របនឹងរសជាតិជំនាន់យុវជន។ លោកបានពន្យល់យ៉ាងដូច្នេះថា៖«ក្មេងៗជំនាន់ក្រោយ គាត់ធ្លាប់តែជាមួយផលិតផលទំនើប។ អីចឹងគាត់មិនសូវចូលចិត្តប្រហុកទេ។ ដូចនេះយើងមិនចង់ឱ្យគាត់ធ្វើបាត់បង់នូវកេរដំណែលដូនតារបស់យើង ទើបយើងបង្កើតជាប្រហុកម្សៅដែលអត់មានក្លិនស្អុយខ្លាំងដូចប្រហុកបែបប្រពៃណី ហើយកែច្នៃទៅជាផលិតផលទំនើបច្រើនប្រភេទ ដូចជាប្រហុកខ្ទិះ, Riet Prahok, Pizza Prahok ដល់គាត់ញ៉ាំទៅមិនសូវធុំក្លិនទេ អីចឹងគាត់នឹងសម្របខ្លួនបានទៅនឹងផលិតផលថ្មីៗរបស់យើងទាំងនេះបាន»។
លោក វេជ្ជបណ្ឌិត Shetty Seetharama Thombathu ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ UNIDO សម្រាប់គម្រោង CAPFISH-Capture បានសរសើរពីវឌ្ឍនភាពរបស់គម្រោងនេះ។ លោកបានអះអាងថា៖«គម្រោងនេះបានផ្លាស់ប្តូរបញ្ហាប្រឈមនៅក្នុងវិស័យនេសាទទៅជាឱកាស ពង្រឹងសមត្ថភាពប្រកួតប្រជែង និរន្តរភាព និងការទទួលស្គាល់ជាអន្តរជាតិនៃផលិតផលកម្ពុជា»។ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះបានបើកទីផ្សារថ្មីៗ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
លោក Igor Driesman ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថា ការបញ្ចប់គម្រោង CAPFISH-Capture គ្រាន់តែជាជំហានបណ្តោះអាសន្នប៉ុណ្ណោះ។ លោកបានប្រកាសថា៖ «សហភាពអឺរ៉ុបនឹងបន្តគាំទ្របដិវត្តន៍បៃតង និងកំណើននិរន្តរភាពនៅកម្ពុជា ជាពិសេសក្នុងការជួយសហគ្រាសកែច្នៃ កសិ-អាហារឱ្យចូលទៅកាន់ទីផ្សារពិភពលោក»។ លោកបានបន្តដោយសង្កត់ធ្ងន់ថា គម្រោងនេះបានពង្រឹងសន្តិសុខស្បៀង និងការគោរពតាមស្តង់ដារអន្តរជាតិ ខណៈវាបានបង្កើតការងារជាង ១៨ ០០០ កន្លែង និងគាំទ្រដល់អ្នកពាក់ព័ន្ធប្រមាណ ៥០០ នាក់នៅក្នុងខ្សែចង្វាក់តម្លៃ បន្ថែមលើសហគ្រាស ៦៤ ដែលពាក់ព័ន្ធដោយផ្ទាល់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរដល់ដៃគូទាំងអស់ចំពោះជោគជ័យនៃគម្រោង ដោយសង្កត់ធ្ងន់លើមេរៀនសំខាន់ៗពីរៈ ការដំកើនតម្លៃជំនាញក្នុងស្រុកដើម្បីធ្វើទំនើបកម្មផលិតផល ខណៈរក្សាភាពពិតប្រាកដរបស់វា និងភាពរឹងមាំនៃភាពជាដៃគូរវាងកម្ពុជា សហភាពអឺរ៉ុប (ដែលបានវិនិយោគជាង ១០០ លានអឺរ៉ូ) និង UNIDO ដែលផ្តល់ជំនាញបច្ចេកទេសរបស់ខ្លួនបានជួយបង្កើនប្រសិទ្ធភាពដំណើរការកែច្នៃ។
ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៩ គម្រោង CAPFISH-Capture បានជួយឱ្យសហគ្រាសចំនួន ២២ ទទួលបានវិញ្ញាបនបត្រគុណភាពកម្ពុជា (CQS) សហគ្រាស ៤ ទទួលបានវិញ្ញាបនបត្រ HACCP និងសហគ្រាស ៤២ ទៀតបានធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសុវត្ថិភាពចំណីអាហារ។ ភាពជឿនលឿនទាំងនេះបានពង្រឹងសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មផលិតផលនៅលើទីផ្សារ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់ និងសហគមន៍មូលដ្ឋាន៕